ថ្ងៃពុធ, 08 កញ្ញា 2010
Banner
ការណែនាំអំពីគម្រោងមជ្ឈមណ្ឌល​​​
PDF Print E-mail
ឈ្មោះគម្រោង

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន
 
គម្រោងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (ដំណាក់កាលទី២)
 
ស្ថាប័នដៃគូ
 ក្រសួងទទួលបន្ទុកៈ ក្រសួងអប់រំយុវជននិងកីឡា
ស្ថាប័នប្រតិបត្តិៈ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ


គម្រោងដំណាក់កាលទី១ (ថ្ងៃទី១ ខែមេសា ឆ្នាំ២០០៤ ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០០៩)
គម្រោងដំណាក់កាលទី២ (ថ្ងៃទី១ ខែមេសា ឆ្នាំ២០០៩ ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៤) 

គម្រោងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនដំណាក់កាលទី១
(ថ្ងៃទី១ ខែមេសា ឆ្នាំ២០០៤ ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០០៩)

នៅប្រទេសកម្ពុជា ឥទ្ធិពលនៃការបំផ្លិចបំផ្លាញដោយសារសង្គ្រាមក្នុងស្រុកក្រោយទសវត្សន៍ទី៦០បានបន្សល់រហូតមកដល់បច្ចុប្បន្ន ដូច្នេះជំនួយដើម្បីការស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធជាតិ ការអភិវឌ្ឍធនធានមនុស្ស និងការរៀបចំ​រចនាសម្ព័ន្ធ​ស្ថាប័ន​រដ្ឋាភិបាល គឺជាកត្តាមួយដ៏ចាំបាច់។ បន្ទាប់ពីសន្ធិសញ្ញាសន្តិភាព​ទីក្រុងប៉ារីសឆ្នាំ១៩៩១​បានបង្កើតឡើង រាជរដ្ឋាភិបាលកម្ពុជា​បានសម្រេចអនុវត្ត​យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីវិញ។ ក្នុងស្ថានភាពដែលរចនាសម្ព័ន្ធរដ្ឋាភិបាល និងរបបសង្គមមិនទាន់នៅឡើយនោះ ការបង្កើតនូវ​ប្រព័ន្ធសម្រាប់​ឆ្លើយតបទៅនឹង​សេដ្ឋកិច្ចទីផ្សារភាវូបនីយកម្ម និងការអភិវឌ្ឍធនធានមនុស្សគឺជាប្រធានបទដ៏ចាំបាច់មួយនាពេល​បច្ចុប្បន្ន​​នេះ។

ម៉្យាងវិញទៀតប្រទេសជប៉ុនបានជំរុញការបង្កើត “មជ្ឈមណ្ឌលជប៉ុន” នៅតាមបណ្តាប្រទេសដែលបានធ្វើការផ្លាស់ប្តូរគោល​នយោ​​បាយ​​​​ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​ទីផ្សារសេរី ក្នុងគោលដៅបណ្តុះបណ្តាលធនធានមនុស្ស ដែលជាអ្នកទទួលបន្ទុកអនុវត្តនូវកិច្ចការ​ជាក់ស្តែង​​សម្រាប់ការវិវត្តទៅកាន់​សេដ្ឋកិច្ចទីផ្សារ តាមរយៈ លក្ខណៈពិសេសនៃប្រទេសជប៉ុន។ នៅខែមីនាឆ្នាំ២០០០ ក្រុមជំនាញ​ការសិក្សា​គម្រោងមួយត្រូវបានបញ្ជូនមកកាន់​ប្រទេសកម្ពុជា​ ដើម្បីសិក្សាពីភាពចាំបាច់នៃគម្រោង។ ទាក់ទងទៅនឹងគម្រោងនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្តែងនូវការ​យកចិត្តទុកដាក់​យ៉ាងខ្លាំង ដូច្នេះភាគីប្រទេសជប៉ុនបានបន្តនូវកិច្ចពិភាក្សាសម្រាប់បង្កើត​ក្រុម​ការងារ (ដែលមានឯកអគ្គរាជទូតជប៉ុន​ប្រចាំប្រទេសកម្ពុជា​ជាប្រធាន ហើយស្ថានទូតជប៉ុន និងការិយាល័យJICAនៅប្រទេសកម្ពុជា​ជាសមាជិក)។

នៅខែមករា ឆ្នាំ២០០២ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ការបង្កើត “មជ្ឈមណ្ឌលជប៉ុន” ហើយបានធ្វើ សំណើជាផ្លូវការទៅរដ្ឋាភិបាលជប៉ុន នៅខែមិថុនា ឆ្នាំ២០០២ លើគម្រោងសហប្រតិបត្តិការជំនួយ​ឥតសំណង និងសហ​ប្រតិ​បត្តិការ​​បច្ចេកទេសមួយ។ ដោយទទួលយកសំណើនេះ អង្គការ JICA បានបញ្ជូនក្រុមបេសកកម្មសិក្សាវាយ​តម្លៃ​ការងារ(លើកទីមួយ) នៅខែកុម្ភៈ ឆ្នាំ២០០៣ ដើម្បីធ្វើការសិក្សាអំពី តម្រូវការក៏ដូចជាមតិយោបល់ដែលទាក់ទងនឹងគម្រោង​មូលដ្ឋាន​​សម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយនឹងសាកលវិទ្យាល័យ័ភូមិន្ទភ្នំពេញ ដើម្បីចាប់ផ្តើមអនុវត្ត គម្រោងសហប្រតិបត្តិការ​បច្ចេកទេសនេះ។

ដោយទទួលបានលទ្ធផលនៃការសិក្សាគម្រោង(លើកទីមួយ) ភាគីជប៉ុនបានធ្វើការពិភាក្សាជាមួយនឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អំពីប្រព័ន្ធ​គ្រប់គ្រង និងប្រព័ន្ធអនុវត្តការងាររបស់មជ្ឈមណ្ឌលជប៉ុន។

ជាមួយគ្នានេះផងដែរភាគីជប៉ុនក៏បានបញ្ជូនក្រុមបេសកកម្មសិក្សាវាយតម្លៃការងារ(លើកទី២)កាលពីខែមិថុនា ឆ្នាំ២០០៣ ដើម្បី​
ពិ​ភាក្សា​​​​អំពី​កិច្ចការ​ទំនាក់​ទំនង ក៏ដូចជា ខ្លឹមសារលម្អិត​និងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការវគ្គបណ្តុះបណ្តាលភាសាជប៉ុន​និងវគ្គ​បណ្តុះ​បណ្តាល​ធនធាន​មនុស្សជាដើម។

បន្ទាប់មក នៅខែវិច្ឆិកា ឆ្នាំ២០០៣ ភាគីជប៉ុនបានបញ្ជូនក្រុមបេសកកម្មសិក្សា វាយតម្លៃការងារ(លើកទី៣) ដើម្បីពិភាក្សាអំពីគម្រោង​នា​ពេល​​​អនាគតសម្រាប់ដំណើរការរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។

បន្ទាប់មកបានបញ្ជូនក្រុម​សិក្សា​​អនុវត្ត​គម្រោង ដែលភាគីទាំង២បានចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចប្រជុំពិភាក្សា (R/D) នៅខែមីនា ឆ្នាំ២០០៤ ស្តីពីកិច្ចព្រមព្រៀងលើការអនុវត្តគម្រោងសហប្រតិបត្តិការបច្ចេកទេសជាផ្លូវការចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំដដែលនេះតទៅ។

ខ្លឹមសារនៃការអនុវត្តន៍គម្រោងដំណាក់កាលទី១

  • គោលដៅសំខាន់នៃគម្រោង

១- ការអភិវឌ្ឍធនធានមនុស្ស​ ដើម្បីជំរុញវិស័យសេដ្ឋកិច្ចទីផ្សាររបស់ប្រទេសកម្ពុជា។
២- ជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។

  • គោលដៅនៃគម្រោង

១- កម្មសិក្សាស្តីអំពីការបណ្តុះបណ្តាលធនធានមនុស្សលើការអនុវត្តផ្ទាល់​ដើម្បីជំរុញវិស័យសេដ្ឋកិច្ចទីផ្សារ​ 
​​​    ភាវូបនីកម្ម។
២- កម្មវិធីបណ្តុះបណ្តាលភាសាជប៉ុន ដើម្បីជំរុញការយល់ដឹងគ្នាទៅវិញទៅមក និងការជំរុញសេដ្ឋកិច្ចទីផ្សារភាវូប​
    នីយ​កម្ម។
៣- កម្មវិធីទំនាក់ទំនងវប្បធម៌ ដើម្បីជំរុញការយល់ដឹងគ្នាទៅវិញទៅមក។
៤- ការអនុវត្តកិច្ចការផ្សេងៗ។
បង្កើតនូវប្រព័ន្ធសម្រាប់ការអភិវឌ្ឍជានិរន្តរបស់មជ្ឈមណ្ឌល រួមទាំងការអនុវត្តនូវកម្មវិធីសំខាន់ៗ ដូចដែលមានចែង​នៅ​ចំណុចទី ១-៤ ខាងលើនេះ។



គម្រោងដំណាក់កាលទី២ (ថ្ងៃទី១ ខែមេសា ឆ្នាំ២០០៩ ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៤)

គម្រោងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនដំណាក់កាលទី១ បានបញ្ចប់នៅថ្ចៃទី៣១ ខែមីនា ឆ្នាំ២០០៩។ មុនពេលបញ្ចប់​គម្រោង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានបញ្ជូនក្រុមបេសកកម្មវាយតម្លៃបញ្ចប់គម្រោងដឹកនាំដោយ លោកហ៊្វុស៊ីមី កាស្សឹតុស៊ី មកកាន់បជ្ឈមណ្ឌលCJCC នៅខែតុលា ឆ្នាំ២០០៨ ដើម្បីធ្វើការវាយតម្លៃលើលទ្ធផលនៃសកម្មភាព​ការងារ​ក្នុងដំណាក់កាលទី១។ ជាលទ្ធផល ក្រុមវាយតម្លៃនេះបានសង្កេតឃើញថា មជ្ឈមណ្ឌលបានអនុវត្តសម្រេចជាបណ្តើរៗនូវ​គោលដៅ​គម្រោង “ បណ្តុះបណ្តាល និង ពង្រឹងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាពសមស្រប ដើម្បីជម្រុញ និងពង្រឹង​​​ការ​យល់ដឹង​ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន”។ ហើយយើងក៏បានបន្តពង្រឹង​លើផ្នែករចនា​សម្ព័ន្ធ​គ្រប់គ្រង ហិរញ្ញវត្ថុ និងបច្ចេកទេសជាដើមបន្ថែមទៀត។

បន្ទាប់មក នៅខែមករា ឆ្នាំ២០០៩ JICA បានបញ្ជូនក្រុមបេសកកម្មវាយតម្លៃសម្រាប់ការចាប់ផ្តើមគម្រោងជាបន្ត ហើយតាមរយៈ​លទ្ធផល​នៃការស្រាវជ្រាវ​វាយតម្លៃ​ដោយភាគីជប៉ុន និងកម្ពុជានោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តអនុវត្ត “គម្រោងមជ្ឈមណ្ឌល​សហប្រតិបត្តិការកម្ពុជា-ជប៉ុន ដំណាក់កាលទី២” ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤។

ខ្លឹមសារនៃការអនុវត្តគម្រោងដំណាក់កាលទី២

  • គោលដៅសំខាន់នៃគម្រោង

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន រួមចំណែកក្នុងការអភិវឌ្ឈធនធានមនុស្សដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា និងជំរុញការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំង២ កម្ពុជា-ជប៉ុន។

  • គោលដៅនៃគម្រោង

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដើរតួជាមូលដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងជាមណ្ឌលព័ត៌មាន ដើម្បីជំរុញការអភិវឌ្ឍវិស័យឯកជននៅប្រទេសកម្ពុជា។ 

  • លទ្ធផលនៃការអនុវត្តគម្រោង

១- ពង្រឹងការគ្រប់គ្រងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន
   ការគ្រប់គ្រងមជ្ឈមណ្ឌល​សហប្រតិបត្តិការកម្ពុជា-ជប៉ុន​ត្រូវបានពង្រឹងបន្ថែម ដើម្បីក្លាយជាស្ថាប័នផ្តល់    សេវាកម្មស្វ័យទ្រទ្រង់មួយ។

២- ពង្រឹងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស
   ក. ការរួមចំណែកបន្ថែមរបស់កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងវិស័យឯកជននឹងត្រូវយកមកអនុវត្ត។
   ខ.   ការគ្រប់គ្រង និងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សត្រូវបានពង្រឹងតាមរយៈគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត ព្រមទាំងការប្រើប្រាស់ធនធានមនុស្សក្នុងស្រុក។

៣- ពង្រឹងកម្មវិធីបណ្តុះបណ្តាលភាសាជប៉ុន
   ក. អនុវត្តកម្មវិធីបណ្តុះបណ្តាលភាសាជប៉ុនដែលមានគុណភាពខ្ពស់ដោយភ្ជាប់ជាមួយនឹងតម្រូវការបន្ថែម និងសកម្មភាពរបស់វិទ្យាស្ថានអប់រំភាសាជប៉ុននានា។
   ខ. ពង្រឹងប្រព័ន្ធគ្រប់គ្រងតាមរយៈធនធានមនុស្សក្នុងស្រុក។

៤- ពង្រឹងប្រព័ន្ធគ្រប់គ្រង និងជម្រុញការផ្សព្វផ្សាយព័ត៌មាន និងសេវាកម្មផ្សេងៗ
   ការអនុវត្ត និងផ្សព្វផ្សាយនូវសេវាកម្មព័ត៌មាន និងសកម្មភាពទំនាក់ទំនងវប្បធម៌ នឹងត្រូវបានពង្រឹង


 អំពីទិសដៅទៅអនាគតរបស់មជ្ឈមណ្ឌល ម.ស.ក.ជ

១- ការគ្រប់គ្រងមជ្ឈមណ្ឌល និង ដំណើរការបង្កើតកម្មវិធីទាំងឡាយដោយសហការជាមួយស្ថាប័នផ្សេងៗទៀតរបស់ប្រទេសជប៉ុន។
២- កម្មវិធីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យឯកជន ដែលជាអ្នកទទួលបន្ទុក ជំរុញសេដ្ឋកិច្ចទីផ្សារភាវូបនីយកម្មតាមរយៈ​ទពិសោធន៍ប្រទេសជប៉ុន។
៣- ជំនួយផ្នែកបញ្ញាក្នុងការរៀបចំប្រព័ន្ធមួយ ដើម្បីជំនួយការជំរុញវិស័យសេដ្ឋកិច្ចទីផ្សារ
៤- ការពិចារណាលើតួនាទីសម្របសម្រួលការជ្រើសរើសនិស្សិតអាហាររូបករណ៍ទៅសិក្សានៅបរេទស
៥- មូលដ្ឋាននៃការបង្កើតបណ្តាញទំនាក់ទំនង
៦- ដើរតួនាទីជាមូលដ្ឋានផ្សព្វផ្សាយព័ត៌មាន
៧- ការសិក្សាភាសាជប៉ុន
ដើម្បីបន្ថែមលើកម្មវិធីភាសាជប៉ុនដែលបានបើកបង្រៀនកន្លងមក​ និងដើម្បីភ្ជាប់ទៅនឹងតម្រូវការរបស់សហគ្រាសឯកជន​ក្នុងការប្រកប​អាជីវកម្មអោយមានដំណើរការល្អ មជ្ឈមណ្ឌលមានគម្រោងបើកកម្មវិធីបង្រៀនភាសាជប៉ុនបន្ថែមទៀត​ទៅតាមគោលដៅ​​ផ្សេងៗ (មានដូចជាវគ្គបណ្តុះបណ្តាលភាសាជប៉ុន សម្រាប់ការធ្វើជំនួញ វគ្គបណ្តុះបណ្តាលភាសាជប៉ុន សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ និងវគ្គបណ្តុះបណ្តាលភាសាជប៉ុនរយៈពេលខ្លីជាដើម)។
៨- កិច្ចការជំរុញនូវការយល់ដឹងគ្នាទៅវិញទៅមក
បន្ថែមលើសកម្មភាពដែលធ្លាប់មានកន្លងមក មជ្ឈមណ្ឌលនឹងអនុវត្តយ៉ាងសកម្មចំពោះសកម្មភាពពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ​បច្ចេកទេស​របស់ JICA ព្រមទាំងសកម្មភាពជំនួយការជំរុញទំនាក់ទំនងក្នុងតំបន់ និងការបង្កើតបណ្តាញការងារពាណិជ្ជកម្ម ជាមួយនឹងប្រទេសជប៉ុន ក៏ដូចជាសកម្មភាពចម្បង ដើម្បីជំនួយការរៀបចំបរិស្ថានពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។
៩- ការបង្កើតទំនាក់ទំនងបែបទូទៅមួយ និង ស្ថាប័នពាក់ព័ន្ធ

១- បង្កើតប្រព័ន្ធទំនាក់ទំនងសហប្រតិបត្តិការជាមួយនឹងសភាពាណិជ្ជកម្ម និងស្ថាប័នសេដ្ឋកិច្ចដែលមាននៅក្នុង​ប្រទេសកម្ពុជា។
២- បង្កើតបណ្តាញទាក់ទងក្នុងប្រទេសជប៉ុន។
៣- បង្កើតប្រព័ន្ធទំនាក់ទំនងជាមួយនឹងបណ្ណាល័យ សារមន្ទីរ សាកលវិទ្យាល័យ ក្នុងប្រទេសជប៉ុន។
៤- ជំរុញទំនាក់ទំនងរវាងអង្គការក្រៅរដ្ឋាភិបាល (NGO) រួមជាមួយនឹងស្ថាប័នរដ្ឋ (JBIC, JETRO, AOTS) ក៏ដូចជាស្ថាប័នរដ្ឋបាលមូលដ្ឋាន និងវិស័យសេដ្ឋកិច្ចក្នុងប្រទេសជប៉ុន។
៥- ការពង្រីកសកម្មភាពអភិវឌ្ឍន៍ក្នុងប្រទេស និងការស្វែងរកអ្នកគាំទ្រក្នុងស្រុក។

១០- ការពង្រឹង និងការបំពេញនូវសកម្មភាពផ្សព្វផ្សាយ និងទំនាក់ទំនងរបស់មជ្ឈមណ្ឌល

១- កិច្ចការនេះត្រូវបានចាត់ទុក ជាកិច្ចការដ៏ចម្បងមួយរបស់កិច្ចការទំនាក់ទំនងក្នុងមជ្ឈមណ្ឌល។
២- ប្រើប្រាស់យ៉ាងសកម្មនូវសារព័ត៌មានក្នុងប្រទេសជប៉ុន និងកម្ពុជា។
៣-ផ្អែកទៅលើការបង្កើតទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាយើង និងធ្វើសកម្មភាពផ្សព្វផ្សាយទាំងនៅក្នុងប្រទេសជប៉ុន និងប្រទេសកម្ពុជាអំពីកម្មវិធី (ODA)  ​ និងគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាដើម ហើយត្រូវបានគេហៅថា “កិច្ចសហប្រតិបត្តិការអន្តរជាតិមើលឃើញនិងមុខ”។



ពិធីសម្ពោធមជ្ឈមណ្ឌល

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០៦ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (ម.ស.ក.ជ) បានប្រារឰពិធីសម្ពោធអគារថ្មីនៅក្នុងបរិវេណ សាកលវិទ្យាល័យភូមិន្ទភ្នំពេញជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម តាកាហាស៊ី ហ្វុមីអាគី ឯកអគ្គរាជទូតរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ក៏មានការចូលរួម​ផងដែរពីសំណាក់ ប្រជាជនជប៉ុន ប្រជាជនកម្ពុជា និស្សិត និងអ្នកការទូតបរទេសជាច្រើនរូប។​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន និង ឯកឧត្តម តាកាហាស៊ី ហ្វុមីអាគី បានថ្លែងនូវសុន្ទរកថាអបអរសារទរ​មជ្ឈមណ្ឌល​សម្រាប់សមិទ្ធផលក្នុងការជួយជ្រោមជ្រែងដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស​យ៉ាងមានស្ថិរភាព និងពង្រឹងចំណងទាក់ទង​រវាង​ប្រជាជនកម្ពុជា និងប្រជាជនជប៉ុនអោយកាន់តែមានភាពជិតស្និទ្ធថែមទៀត។

  

ពិធីកាត់ខ្សែបូ

 KAGAMIWARI បណ្ណាល័យ ម.ស.ក.ជ
     
  
សុន្ទរកថារបស់បណ្ឌិត Mahathir ការពិភាក្សាជាក្រុម (ពីខាងឆ្វេង) ឯកអគ្គរាជទូតជប៉ុន តាកាហាស៊ី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
និង បណ្ឌិត Mahathir

 

កែប្រែចុងក្រោយ ( ថ្ងៃសុក្រ, 04 ធ្នូ 2009 15:06 )
 
hack evden eve nakliyat evden eve nakliyat evden eve nakliyat video izle dizi izle kraloyun oyun çizgi film

ព័ត៌មានស្តីអំពីមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន