| អំពី ម.ស.ក.ជ | ||||
|
|
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (ម.ស.ក.ជ) “ឬ មជ្ឈមណ្ឌលជប៉ុន” ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ ក្នុងគោលបំណងដើម្បីបណ្តុះបណ្តាល និងពង្រឹងការ អភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់ដើម្បីជំរុញ និងពង្រីកការ យល់ដឹង ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន តាមរយៈសកម្មភាពចំបងបីគឺ ៖ កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស កម្មវិធីភាសាជប៉ុន និងកម្មវិធីទំនាក់ទំនងវប្បធម៌។ គម្រោងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនដំណាក់កាលទី១ ត្រូវបានបញ្ចប់នៅ ខែមិនា ឆ្នាំ២០០៩ ហើយគម្រោងដំណាក់កាលទី២ដែលមានរយៈពេល៥ឆ្នាំ ចាប់ផ្តើមពីខែមេសា ឆ្នាំ២០០៩ ដល់ខែមីនា ឆ្នាំ២០១៤ កំពុងត្រូវបានអនុវត្តជាមួយនឹងគោលបំណង “មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដើរតួជាមូលដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងជាមណ្ឌលព័ត៌មានដើម្បីជំរុញការអភិវឌ្ឍវិស័យឯកជននៅប្រទេសកម្ពុជា”។ (ព័ត៌មានលំអិតស្តីពីគម្រោងមជ្ឈមណ្ឌល សូមចុចទីនេះ) បច្ចុប្បន្នមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនកំពុងអនុវត្តគម្រោងរបស់ខ្លួនក្រោមកិច្ចសហ ប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសជប៉ុនលើគម្រោងសហប្រតិបត្តិការបច្ចេកទេសមួយ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) “ដំណាក់កាលទី១ -ខែមេសា ឆ្នាំ២០០៤ ដល់ខែមីនា ឆ្នាំ២០០៩, ដំណាក់កាលទី២-ខែមេសា ឆ្នាំ២០០៩ ដល់ខែមីនា ឆ្នាំ២០១៤ ”។ អគារមជ្ឈមណ្ឌលត្រូវបានសាងសង់ឡើងនៅក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមកម្មវិធីជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ហើយបានសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ ។ មជ្ឈមណ្ឌលមានបណ្ណាល័យ សាលពហុប្រយោជន៍ បន្ទប់របៀបជប៉ុន (ទាតាមិ) បន្ទប់កុំព្យូទ័រ កន្លែងតាំងពិព័រណ៍ និងបន្ទប់ផ្សេងៗជាច្រើនទៀត។ បន្ថែមលើនេះទៀត យើងខ្ញុំក៏មានសេវាកម្មជួលសម្ភារៈបរិក្ខារ និងបន្ទប់ផ្សេងៗរបស់មជ្ឈមណ្ឌល ជូនដល់សាធារណៈជនទូទៅផងដែរ។ |






