ថ្ងៃអាទិត្យ, 05 កញ្ញា 2010
Banner
សារស្វាគមន៍
PDF Print E-mail

សារស្វាគមន៍របស់លោកស្រីនាយិកាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន

សូមស្វាគមន៍ប្រិយមិត្តរបស់គេហទំព័រមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន!

គម្រោងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនក្នុងដំណាក់កាលទីមួយដែលមានរយៈពេលប្រាំឆ្នាំបានបញ្ចប់ដោយជោគជ័យ​នៅក្នុងខែមីនា ឆ្នាំ២០០៩។ ចាប់ផ្តើមពីការបង្កើតមជ្ឈមណ្ឌលជាលើកដំបូងនៅ ក្នុងឆ្នាំ២០០៤ រហូតមកដល់ខណៈពេលទទួលបាន​នូវការគាំទ្រ និងទទួលស្គាល់​ពីមជ្ឈដ្ឋានសាធារណៈ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បាននិងកំពុងខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនក្នុងការអភិវឌ្ឍធនធាន​មនុស្ស ដើម្បីជំរុញវិស័យសេដ្ឋកិច្ចទីផ្សាររបស់ប្រទេសកម្ពុជាដែលជាវិស័យអតិភាពមួយ ក្នុងចំណោមវិស័យអតិភាពចំបងៗ​នៃយុទ្ធសាស្ត្រ​ចតុកោណ​របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសកម្ពុជា​និង​ប្រទេសជប៉ុន។

ផ្អែកលើសារសំខាន់ និងសមត្ថភាពបំពេញភារកិច្ចបំរើដល់ផលប្រយោជន៍សង្គមជាតិ គម្រោងខាងលើ ត្រូវបានបន្តអនុវត្តក្នុងដំណាក់កាលទីពីរ​សម្រាប់រយៈពេលប្រាំឆ្នាំបន្តទៀត។ ស្ថិតក្នុងជំហានចាប់ផ្តើមនៃដំណាក់កាលថ្មីនេះ មជ្ឈមណ្ឌលមានគោលដៅច្បាស់លាស់​ក្នុងការអនុវត្ត​គម្រោង​ដែលមានស្ថានភាពល្អប្រសើរ ហើយត្រៀមខ្លួនបោះជំហានឆ្ពោះទៅមុខជានិច្ច​ដើម្បីពង្រឹងការអភិវឌ្ឍធនធានមនុស្ស​ប្រកបដោយចីរភាព និងប្រែក្លាយជាមជ្ឈមណ្ឌល​នៃបណ្តុំព័ត៌មានទាក់ទងនឹងប្រទេសកម្ពុជា-ជប៉ុនសម្រាប់ ជំរុញការអភិវឌ្ឍវិស័យឯកជននៅក្នុង​ប្រទេសកម្ពុជា។

អាស្រ័យលើបទពិសោធន៍ និងស្ថានភាពជាក់ស្តែង នាពេលបច្ចុប្បន្ននេះ មជ្ឈមណ្ឌលបានរិះរកគ្រប់វិធីសាស្ត្រ ធ្វើយ៉ាងណាអាចផ្តល់នូវ​សេវាកម្ម និងកម្មវិធី ដែលមានអត្ថប្រយោជន៍ផ្សេងៗជូនដល់សាធារណជន ដោយយកចិត្តទុកដាក់ទៅលើគុណភាព​ជាចម្បង។ មិនចំពោះតែវគ្គ​បណ្តុះ​បណ្តាល​ភាសាជប៉ុន សិក្ខាសាលា វគ្គបណ្តុះបណ្តាលនៃកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស ឬកម្មវិធីវប្បធម៌ផ្សេងៗទាក់ទងទៅនឹងប្រទេសទាំងពីរ ត្រូវបានរៀបចំឡើងដោយការយកចិត្តទុកដាក់ខ្ពស់​ពីសំណាក់អ្នកជំនាញការខ្មែរ និងជប៉ុន ថែមទាំងមានលក្ខណៈពិសេសដោយឡែក​មួយចំនួន​ដែលអាចឱ្យអ្នកចូលរួម ឬសិក្ខាកាមមានទំនុកចិត្តចំពោះអ្វីៗដែលពួកគេទទួលបានពីមជ្ឈមណ្ឌល។ លើសពីនេះ បណ្ណាល័យដ៏សំបូរបែប និងសេវាកម្មផ្សេងៗ​របស់មជ្ឈមណ្ឌល ត្រៀមផ្តល់ជូនដល់អ្នកប្រើប្រាស់ទាំងឡាយនូវ​ចំណេះដឹង និងព័ត៌មានយ៉ាងទូលំទូលាយ ព្រមទាំងមាន​សំភារៈ និងឧបករណ៍បច្ចេក វិទ្យាដ៏ទំនើប  គួបផ្សំនឹងទីកន្លែង​ដែលមានលក្ខណៈស្តង់ដារបែបជប៉ុន ដែលមានតែមួយគត់នៅប្រទេស កម្ពុជា ដែលអាចឆ្លើយតបទៅនឹង​តំរូវការសិក្សាស្វែងយល់ និងសកម្មភាពសង្គមនានាបានយ៉ាងល្អបំផុត។

យើងសង្កេតឃើញថា គ្រាប់ពូជល្អរមែងផ្តល់នូវទិន្នផលល្អ យ៉ាងណាមិញធនធានមនុស្សដែលមានសមត្ថភាព ប៉ុន្តែគ្មានចរិយាធម៌​ក៏មិនត្រូវបាន​ចាត់ទុកជា​គ្រាប់ពូជល្អបានដែរ ហេតុនេះហើយការអប់រំបណ្តុះ បណ្តាលផ្នែកពុទ្ធិ និងចិត្តគំនិតរបស់បុគ្គលត្រូវតែដើរទន្ទឹមគ្នា។ ក្នុងនាមជា​ស្ថាប័ន​ដែលផ្តល់នូវការបណ្តុះ បណ្តាល យើងបានដឹងយ៉ាងច្បាស់ពី​សារសំខាន់​នៃការកសាងធនធានមនុស្ស​ប្រកប​ទៅដោយសីលធម៌ និងគតិបណ្ឌិត។ ជានិច្ចកាល សកម្មភាពចូលរួមចំនែកជួយអភិវឌ្ឍវិស័យសេដ្ឋកិច្ចទីផ្សារ និងវិស័យឯកជន នៅក្នុងប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាល​ធនធានមនុស្ស​​ដែលប្រកបដោយគុណភាពកម្រិតខ្ពស់ គឺជាមោទនភាពមួយរបស់មជ្ឈមណ្ឌល។ មោទនភាពនេះ មិនមែនជាអំនួតលើ​ភាព​ជោគ​ជ័យ​នោះទេ   តែជាក្តីសោមនស្សសាទរ​ដោយស្មោះអស់ពីចិត្ត ក្នុងការបង្កើតសមិទ្ធផលប្រកបដោយសក្តានុពលភាព សម្រាប់ចូលរួមចំណែក និងនាំមុខក្នុងវិស័យឯកជននាពេលអនាគត។ ជាការពិត លទ្ធផលដែលមជ្ឈមណ្ឌល​ទទួលបាននាពេលបច្ចុប្បន្ន និងរយៈពេលប្រាំឆ្នាំទៅមុខ ចាំបាច់ត្រូវមានកិច្ចសហការយ៉ាងពេញ ទំហឹងពីភាគីជប៉ុន​ដែលជាដៃគូមិត្តភាព​របស់ប្រទេសកម្ពុជាអស់កាលដ៏យូរមកហើយ រួមផ្សំនឹងការជួយ ជ្រោមជ្រែងឧបត្ថម្ភ គាំទ្រពីសំណាក់ស្ថាប័នជាតិនានា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា និងប្រជាពលរដ្ឋកម្ពុជាផងដែរ។

នៅដំណាក់កាលថ្មីនៃគម្រោងរបស់មជ្ឈមណ្ឌល គណៈគ្រប់គ្រង ព្រមទាំង បុគ្គលិកទាំងអស់នឹងព្យាយាមអស់ពីកំលាំងកាយចិត្ត ដើម្បីបំពេញ​ភារកិច្ច​ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដោយប្រកាន់ខ្ជាប់នូវស្មារតីសុទិដ្ឋិនិយម និងមានទំនួលខុសត្រូវខ្ពស់ជានិច្ច។ ទោះស្ថិតក្នុងកាលៈ​ទេសៈបែបណា កិច្ចសហប្រតិបត្តិការ និងការលើកទឹកចិត្តរបស់​សាធារណជនគ្រប់មជ្ឈដ្ឋាន គឺជាការរួម ចំនែកដ៏សំខាន់ ហើយក៏ជា​កំលាំង​ជំរុញដ៏​សក្តិសិទ្ធិសម្រាប់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនក្នុង ការបន្តអភិវឌ្ឍធនធានមនុស្ស​ដែលមានប្រសិទ្ធភាព ដើម្បីឧត្តមភាព និងការប្រកួតប្រជែង​ផ្នែកសេដ្ឋកិច្ច របស់ប្រទេស​កម្ពុជា ជាមួយនឹងបណ្តា​ប្រទេសនានា​នៅលើសាកល​លោក។

លោកស្រីបណ្ឌិត អ៊ុំ រ៉ាវី
នាយិកាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន


សារស្វាគមន៍របស់លោកទីប្រឹក្សាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន

ជម្រាបសួរប្រិយមិត្ត។ ខ្ញុំបាទឈ្មោះ ណាអូយ៉ូស្ស៊ី សាសាគី ជាទីប្រឹក្សានៃមជ្ឈមណ្ឌលសហ ប្រតិបត្តិការកម្ពុជា-ជប៉ុន។ ជាបឋម ខ្ញុំសូម​សម្តែង​នូវអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រ​យ៉ាងពេញទំហឹង​ចំពោះគម្រោងដំណាក់កាល​ទីមួយ និងដំណាក់កាល​បន្ទាប់មកទៀត នៃការបង្កើតគម្រោង​ក្នុងជំហានទីពីរ ហើយទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណ​ជាថ្មីម្តងទៀតចំពោះ​កិច្ចសហការរួមគ្នា​រវាងបុគ្គលិកកម្ពុជា និងអ្នកជំនាញការជប៉ុនទាំងអស់​នៅមជ្ឈមណ្ឌល​សហប្រតិបត្តិការកម្ពុជា-ជប៉ុន។

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន គឺជានិមិត្តរូបដ៏សំខាន់នៃទំនាក់ទំនងមិត្តភាព និងសុឆន្ទៈរបស់ប្រទេសជប៉ុន និងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ យើងហាក់ដូចជាកំពុងធ្វើដំណើរក្នុងសមុទ្រនៅលើទូកតែមួយហើយ​បានជួបប្រទះនូវ​ការលំបាក និងបញ្ហា​ជាច្រើន ប៉ុន្តែនៅទីបំផុត យើងនៅតែអាចសំរេច​គោលដៅបាន។ តាមរយៈគោលដៅរួម និងការដឹកនាំ​ដើម្បីឈានឆ្ពោះ​ទៅកាន់គោលដៅចំបង យើងកំពុងតែខិតខំប្រឹងប្រែង​អស់ពីកំលាំងកាយចិត្តដើម្បីស្វែង​រកដំណោះស្រាយ។ ដូចដែលអ្នកបាន​ដឹងហើយថា ដើម្បីសំរេចគោលដៅចម្បង មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន​ត្រូវឆ្លងកាត់ស្ថានភាពលំបាក​ដ៏ធំធេង  ហើយបានសំរេច​គោលដៅដោយជោគជ័យ។ យើងចាំបាច់ត្រូវមាន​ឆន្ទៈមោះមុត ការប្តេជ្ញាចិត្ត ហ្មឺងហ្មាត់ និងការអនុវត្ត​ប្រកបដោយភាពក្លៀវក្លា ដើម្បីឱ្យគម្រោងនៅក្នុងដំណាក់កាល​ទីពីរបានសំរេចគោលដៅរួម។

សម្រាប់គម្រោងដំណាក់កាលទីពីរ មានការរំពឹងទុក និងការប្រកួតប្រជែងច្រើន។ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន​បានបង្កើត​​ក្របខណ្ឌ​ស្ថាប័ន និងក្របខណ្ឌច្បាប់​រួចមកហើយ ហេតុដូចនេះ វាគឺជាពេលវេលា​សម្រាប់ពង្រឹង​​ទិដ្ឋភាពបច្ចេកទេស និងហរិញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រង និងប្រតិបត្តិការប្រចាំថ្ងៃ។

មជ្ឈមណ្ឌល​សហប្រតិបត្តិការកម្ពុជា-ជប៉ុន​មានគោលដៅជាច្រើន។ គោលដៅមួយ​ក្នុងចំណោមនោះគឺ បង្កើន និងបណ្តុះបណ្តាល​ការអភិវឌ្ឍធនធានមនុស្ស​ដោយភាពសមស្រប និងប្រកបដោយប្រសិទ្ធភាព សម្រាប់ការអភិវឌ្ឍវិស័យឯកជន ព្រមទាំងអាច​ចូលរួមចំណែក​ពង្រីកឱកាសការងារ​នៅក្នុងប្រទេសថែមទៀតផង។ ម៉្យាងវិញទៀតមជ្ឈមណ្ឌល​មានគោលដៅពង្រឹងការអភិវឌ្ឍ​សមត្ថភាពរបស់មជ្ឈមណ្ឌលក្នុង នាមជាស្ថាប័នផ្តល់នូវសេវាប្រកបដោយស្ថិរភាព។ ខ្ញុំសូមអនុញ្ញាតបង្ហាញជូននូវចំនុចបីយ៉ាង ដើម្បីក្លាយ ជាស្ថាប័នផ្តល់សេវាប្រកបដោយស្ថិរភាព។

 ១. ផ្តោតលើតម្រូវការ និងសក្តានុពលភាពរបស់អតិថិជន។
 ២. សេវាកម្ម និងផលិតផលរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនត្រូវតែមានលក្ខណៈខុសប្លែក និងមានគុណភាព​ខ្ពស់ក្នុងតំលៃ​សមរម្យ។
 ៣. សកម្មភាព និងសេវាកម្មដែលផ្តល់ដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនត្រូវមានភាពទាក់ទាញ ដើម្បីឱ្យ​សាធារណជន​ទូទៅ និងអ្នកប្រកបអាជីវកម្ម​មានចំណាប់អារម្មណ៍ចង់មកចូលរួម។

ខ្ញុំនឹងប្រឹងប្រែងបំពេញការងារយ៉ាងជិតស្និទ្ធ ជាមួយបុគ្គលិកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដើម្បីឱ្យមជ្ឈមណ្ឌលក្លាយជា​ស្ថាប័ន​ផ្តល់សេវាកម្មដ៏ជោគជ័យ។

នៅទីបញ្ចប់ យើងខ្ញុំរង់ចាំស្វាគមន៍ដោយក្តីសោមនស្សរីករាយចំពោះការចូលរួមរបស់លោកអ្នកនៅក្នុងសកម្មភាពនានារបស់យើងខ្ញុំ។

សូមអរគុណ!

ណាអូយ៉ូស្ស៊ី សាសាគី
ទីប្រឹក្សានៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន
ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០៩

កែប្រែចុងក្រោយ ( ថ្ងៃពុធ, 09 ធ្នូ 2009 09:44 )
 
hack evden eve nakliyat evden eve nakliyat evden eve nakliyat video izle dizi izle kraloyun oyun çizgi film

ព័ត៌មានស្តីអំពីមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន