|
មជ្ឈម្បណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដោយបានសហការជាមួយអង្គការក្រៅរដ្ឋាភិបាលឈ្មោះ PICNIC EARTH បានរៀបចំការប្រគំតន្ត្រីរ៉ុកមួយ នៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០០៩ ដោយមានការចូលរួមសម្តែងរវាងក្រុមតន្ត្រីរ៉ុក មកពីប្រទេសជប៉ុន (ក្រុម FUNKIST) ដែលកំពុងចាប់ផ្តើមមានឈ្មោះល្បីនៅក្នុងប្រទេសជប៉ុន និងលោក ម៉ូរី ហ្គេងតា ជាមួយនិងសិល្បករខ្មែរ អ្នកចំរៀងយក់ ឋិតរដ្ឋា។ នេះជាលើកទី១ហើយ ដែលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន រៀបចំពិធីប្រគំតន្ត្រីសម្រាប់យុវវ័យសម័យថ្មី។ នៅក្នុងថ្ងៃនោះ សិស្ស និស្សិតមកពីសាលាផ្សេងៗចំនួនប្រហែល៦៥០នាក់ ទៅ៧០០នាក់បានមកចូលរួមមើលពីធីប្រគំតន្ត្រីនេះ ហើយពួកគេមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងជាមួយនឹង បទភ្លេង ចំរៀងមានលក្ខណៈកន្ត្រាក់ញាប់ញ័រ រួមផ្សំជាមួយនិងចង្វាក់អន្លង់អន្លោច របស់ក្រុមតន្ត្រីផ្សេងៗដែលបានចូលរួមសំfដែង ជាមួយគ្នា។ យុវសិស្សកម្ពុជាដែលបានចូល ទស្សនាការប្រគំតន្ត្រីនេះ បានបញ្ចោញមតិថា ក្រុមតន្ត្រី FUNKIST នេះ គឺមានកំរិតសំដែងខ្ពស់ និងទាក់ទាញការជក់ចិត្ត យ៉ាងខ្លាំងសម្រាប់អ្នកចូលរួម បើទោះបីជាទំនុកច្រៀងជាភាសាជប៉ុន មិនអាចស្តាប់បានទាំងអស់ក៏ដោយ តែបទចំរៀង នីមួយៗ បានធ្វើអោយអារម្មណ៍អ្នកមើល ស្ថិតក្នុងភាពលន្លង់លន្លោច ហើយ មួយរំពេចក្រោយមក ក៏មានភាពកន្ត្រាក់ញាប់ញ័រឡើងវិញ។
យោងតាមបទសម្ភាសន៍របស់កាសែតកោះសន្តិភាព បានអោយដឹងថា ក្រុមនិស្សិតកម្ពុជាចង់អោយមាន ការប្រគំតន្ត្រីរ៉ុកជប៉ុននេះបន្តទៀត ព្រោះffការប្រគំតន្ត្រីបែបនេះមិនគ្រាន់តែជាការ កំសាន្តមួយពេលប៉ុណ្ណោះទេ តែអាចជា ការសិក្សាមួយផងដែរនៅពេលដែលប្រទេសកម្ពុជាមិនទាន់បង្កើតបានក្រុមតន្ត្រី ដ៏ទំនើបបែបនេះ។ ការប្រគំតន្ត្រីរ៉ុកជប៉ុននេះ មិនគ្រាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់យុវសិស្សប៉ុណ្ណោះទេ យើង ឃើញមានបណ្តាញសារព័ត៌មានដូចជាទូរទស្សន៍ កាសែតមួយចំនួនបានចុះមកយកព័ត៌មាន និងចេញផ្សាយ ចាក់ផ្សាយជា បន្តបន្ទាប់។ តាមរយៈការប្រគំតន្ត្រីមិត្តភាពនេះ មជ្ឈមណ្ឌលសង្ឃឹមថាយុវជន យុវនារីខ្មែរយើងអាចស្វែងយល់ និង ស្គាល់ពី សិល្បៈ តន្ត្រីជប៉ុន និងអាចជួយជំរុញទំនាក់ទំនងរវាងសិល្បករ តន្ត្រីករនៃប្រទេសទាំងពីរ ដើម្បីអោយ វិស័យតន្ត្រីរបស់ ប្រទេសយើងមានការអភិវឌ្ឍកាន់តែប្រសើរឡើងថែមទៀតទៅថ្ងៃមុខ។
|